ម្ចាស់បំណុលបើកឡានដេញបុកកូនបំណុលចូលដល់ក្នុងផ្ទះ បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ខណៈជនដៃដល់រត់គេចខ្លួនបាត់ស្រមោល
ខេត្តកំពង់ស្ពឺ៖ ព៍ត៌មានបឋមកើតមានឡើងដោយសារតែការទារប្រាក់ពីកូនបំណុលមិនបានសោះ ឈានដល់ការប្រកែកគ្នា រួចហើយជនដៃដល់ជាម្ចាស់បំណុលបានបើករថយន្តដេញបុកជនរងគ្រោះចូលដល់ក្នុងផ្ទះ បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុតែម្តង។
ហេតុការណ៍ដ៏គួរឱ្យរន្ធត់តក់ស្លុតនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅភូមិត្រពាំងម្លប់ ឃុំព្រះរាជមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់បំណុលបានចុះទៅទារប្រាក់ពីកូនបំណុលដល់ផ្ទះ ប៉ុន្តែដោយសារទារមិនបាន ក៏មានការឈ្លោះប្រកែកគ្នា និងបានទាស់សម្ដីដាក់គ្នាខ្លាំងឡើង រហូតដល់ថ្នាក់ជនដៃដល់ខឹងសម្បាយ៉ាងខ្លាំង ក៏បានឡើងទៅបើករថយន្តដេញបុកជនរងគ្រោះដល់ក្នុងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើល និងស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង។ ក្រោយពេលបង្កហេតុរួច ជនដៃដល់ជាម្ចាស់បំណុលបានបើករថយន្តគេចខ្លួនបាត់ស្រមោល។
ជុំវិញករណីអំពើឃាតកម្មនេះ លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រះរាជមានជ័យ បានបញ្ជាក់ឱ្យដឹងថា ក្រោយពេលកើតហេតុភ្លាម កម្លាំងសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យយ៉ាងហ្មត់ចត់ រួមទាំងប្រមូលវត្ថុតាងផ្សេងៗនៅនឹងកន្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញា និងកំពុងស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យខានតែបាន។
ប្រភព: តារាព័ត៌មាន
