ឃាត់ខ្លួនបុរសម្នាក់ ក្រោយកាប់តបតជាមួយបងថ្លៃ បណ្តាលឱ្យបុរសម្នាក់ស្លាប់ ក្នុងហេតុការណ៍ហិង្សាក្នុងគ្រួសារ

(បាត់ដំបង)៖ កម្លាំងនគរបាលស្រុកបវេល បានឃាត់ខ្លួនបុរសឈ្មោះ កេង សុផល អាយុ៣៥ឆ្នាំ ក្រោយមានករណីប្រើកាំបិតខ្វែវក្រវាស់តបតជាមួយបុរសម្នាក់ឈ្មោះ ហួន វេត អាយុ៣៩ឆ្នាំ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។

តាមការស្រាវជ្រាវបឋម ជនរងគ្រោះបានប្រើពូថៅដេញកាប់ប្រពន្ធ ប៉ុន្តែប្រពន្ធរត់រួច រួចបន្តកាប់ឪពុកក្មេកអាយុ៧២ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់ និងប្អូនថ្លៃរងរបួសស្រាល។ ក្នុងស្ថានភាពប្រឈមមុខភ្លាមៗ កេង សុផល បានយកកាំបិតខ្វែវក្រវាស់តបត ដោយអះអាងថា ដើម្បីការពារអាយុជីវិតឪពុក និងខ្លួនឯង។

ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួន កេង សុផល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី។ ករណីនេះស្ថិតក្រោមការចាត់ការរបស់សមត្ថកិច្ច និងអាជ្ញាធរមានសមត្ថកិច្ច៕
ប្រភព:Facebook