សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា (UEFA) នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីការឆ្លើយតបទៅនឹងផែនការដ៏ចម្រូងចម្រាសទាក់ទងនឹងព្រឹត្តិការណ៍ ប្រកួតនៅព្រឹត្តការណ៍World Cup ដែលត្រូវបានស្នើឡើងដោយសហព័ន្ធបាល់ទាត់ពិភពលោកគឺ (FIFA) ក្រោមការដឹកនាំរបស់លោក Gianni Infantino។


ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបមួយនេះនៅតែបន្តជំហរប្រឆាំងយ៉ាងខ្លាំងក្លាចំពោះផែនការនេះ បន្ទាប់ពីមានការរកឃើញថា FIFA បានផ្ញើលិខិតមួយច្បាប់ ទៅកាន់សមាគមសមាជិកទាំង ២១១ប្រទេស ដោយកំណត់ពេលត្រឹមថ្ងៃទី ១៩ ខែកញ្ញា សម្រាប់ពួកគេក្នុងការសម្រេចចិត្តថាតើត្រូវទទួលយកកិច្ចព្រមព្រៀងនេះឬយ៉ាងណា សម្រាប់ការទទួលបានប្រាក់ចំនួន ២០ លានដុល្លារ (១៥,០៥ លានផោន) ជាដំណាក់កាលដំបូង ក្នុងចំណោមទឹកប្រាក់សរុបដំបូងចំនួន ៤០ លានដុល្លារ (៣០ លានផោន)ដើម្បីអភិវឌ្ឍបាល់ទាត់របស់ពួកគេ។

UEFA បានថ្លែងថា៖ យើងបានទទួលដំណឹងអំពីការកំណត់ពេលវេលារបស់ FIFA សម្រាប់សមាគមនានាក្នុងការគាំទ្រសំណើរបស់ពួកគេ បើមិនដូច្នេះទេនោះប្រាក់ទាំងនោះនឹងត្រូវដកហូតវិញ។លោកស្រី Debbie Hewitt ប្រធានសមាគមបាល់ទាត់អង់គ្លេស (FA) គឺជាម្នាក់ក្នុងចំណោមអនុប្រធានរបស់ FIFA ដែលមិនបានទទួលដំណឹងជាមុនអំពីបញ្ហានេះ។ ការព្រួយបារម្ភរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ក៏ត្រូវបានគាំទ្រ និងលើកឡើងស្រដៀងគ្នាដោយសហព័ន្ធបាល់ទាត់ប្រចាំតំបន់អាស៊ី អាមេរិកខាងត្បូង និងអាមេរិកខាងជើងនិងកណ្តាលផងដែរ។

លោក David Bernstein អតីតប្រធាន FA និងក្លឹប Manchester City បានលើកឡើងថា ប្រទេសអង់គ្លេសត្រូវតែ “ដកខ្លួន” ចេញពីការប្រកួត World Cup ប្រសិនបើការស្នើឡើងរបស់លោក Infantino ត្រូវបានអនុម័ត។

ក្រុមចំនួន ៣ ដែលនឹងត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ គឺជាសមាជិករបស់ UEFA (ក្នុងចំណោមសមាជិកសរុប ៥៥ របស់ខ្លួន)។ UEFA ដឹងយ៉ាងច្បាស់ថា ការសម្រេចចិត្តដ៏ធ្ងន់ធ្ងរមួយដូចជាការដកខ្លួនរបស់សមាជិកខ្លួនចេញពីការប្រកួតនេះ នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្នែកហិរញ្ញវត្ថុនៃគម្រោងនេះ។
ប្រភព:BBC