ក្លឹប Aston Villa បានព្រមព្រៀងខ្ចីជើងកីឡាករបម្រើស្លាបរបស់ Chelsea គឺ Alejandro Garnacho រហូតដល់ចប់រដូវកាល ២០២៦-២០២៧ ក្នុងនោះគឺមានលក្ខខណ្ឌតម្រូវឱ្យទិញផ្ដាច់នៅពេលក្រោយ។កីឡាករវ័យ ២២ ឆ្នាំរូបនេះបានបញ្ចប់ការពិនិត្យសុខភាពនៅទីក្រុង Birmingham រួចរាល់ហើយ ហើយក៏បានព្រមព្រៀងជាមុនលើកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយ Villa Park ប្រសិនបើការខ្ចីជើងនេះប្រែទៅជាការផ្ទេរជាអចិន្ត្រៃយ៍។

លក្ខខណ្ឌនៃការទិញផ្ដាច់មិនត្រូវបានក្លឹបទាំងពីរទម្លាយឱ្យដឹងនោះទេ ប៉ុន្តែគេរំពឹងថាវានឹងត្រូវអនុវត្តប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ ដូចជាចំនួនដងនៃការបង្ហាញខ្លួនចូលលេងរបស់កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះនៅរដូវកាលក្រោយជាដើម។Chelsea ជឿជាក់ថាលក្ខខណ្ឌទាំងនោះអាចសម្រេចបានយ៉ាងងាយស្រួល ហើយពួកគេនឹងទទួលបានតម្លៃខ្លួនដែលបានកំណត់ដំបូងគឺ ៤៣ លានផោន។ការចាកចេញរបស់ Garnacho ពីកីឡដ្ឋាន Stamford Bridge កើតឡើងបន្ទាប់ពី Chelsea បានចុះហត្ថលេខាយក Morgan Rogers ក្នុងតម្លៃកំណត់ត្រា ១១៧ លានផោនពី Villa កាលពីថ្ងៃអង្គារ។

កីឡាករបម្រើស្លាបរូបនេះក្លាយជាកីឡាករទី ៤ ដែល Villa បានចុះហត្ថលេខាយកមក បន្ទាប់ពីការមកដល់របស់ Johan Manzambi, Joao Gomes និង Modou Keba Cisse។

ទន្ទឹមនឹងនេះម្ចាស់ជើងឯក Europa League នៅរដូវក្តៅនេះបានទទួលប្រាក់សរុបជិត ២០០ លានផោន ពីការលក់ Youri Tielemans, Donyell Malen, Enzo Barrenechea និង Lewis Dobbin បានចាកចេញ។

ក្លឹប Chelsea មានបំណងចង់បញ្ចេញ Garnacho ទោះបីជាទើបតែបានចុះហត្ថលេខាយកគាត់កាលពីខែកញ្ញាឆ្នាំមុនក្នុងតម្លៃ ៤០ លានផោនពី Manchester United (ក្លឹប Man United នឹងទទួលបានចំណែក ១០% នៃតម្លៃផ្ទេរនៅពេលក្រោយ)។

Garnacho ស៊ុតបញ្ចូលទីបានមួយគ្រាប់ប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Premier League ហើយការមកដល់របស់ Rogers និងកីឡាករខ្សែបម្រើស្លាបរបស់ Sporting គឺ Geovany Quenda តម្រូវអោយក្លឹបលក់កីឡាករក្នុងក្រុមចេញមួយចំនួន។ប្រភព:BBC
វីដេអូ: